កាលបរិច្ឆេទ: ០៨ ឧសភា ២០២៥ / កសិកម្ម / Author : ATH Sokren
និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាតេជោ ហ៊ុន សែន ចំការដូង កែប បានទៅទស្សនាកសិដ្ឋាន Confirel Discovery ខេត្តកែប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីបានជួបសំណេះសំណាលរយៈពេលជាង៣០នាទី ជាមួយលោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel នៅបរិវេណនៃវិទ្យាស្ថាន។ ជំនួបនេះមានគោលបំណងបង្ហាញពីទស្សនទានសម្រាប់ការតភ្ជាប់រវាងបច្ចេកវិទ្យា និងទស្សនសហគ្រិនសម្រាប់ការកែច្នៃផលិតកសិកម្មក្នុងទីជនបទតាមទស្សនៈនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ។
នៅចំពោះមុខនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( ITC ) នៃមណ្ឌលតេជោហ៊ុនសែនចំការដូងខេត្តកែប ២៨ រូប លោកឱសថបណ្ឌិត ហៃ លីអ៊ាងបានមានប្រសាសន៍ថា បច្ចុប្បន្នបច្ចេកវិទ្យាបានកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចនេះវាទាមទារឱ្យយុវជនទាំងអស់ចេះចាប់យកចំណេះដឹងទាំងនោះមកកែច្នៃនូវផលិតផលដូនតាក្នុងភូមិស្រុករបស់ខ្លួន។ លោកគូសបញ្ជាក់ថា៖ «តំបន់មួយដែលគ្មានអ្នកបច្ចេកទេសមិនអាចអភិវឌ្ឍបានទេ» ។
បន្ទាប់ពីសំណេះសំណាល់ប្រមាណជាង ៣០ នាទីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( ITC ) នៃមណ្ឌលតេជោហ៊ុនសែនចំការដូងខេត្តកែបរួចមក និស្សិត និងសាស្រ្តាចារ្យដែលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏ត្រូវបានអញ្ជើញឱ្យមកទស្សនាចម្ការ Confirel Discovery Kep វិញម្តង ដែលមានចម្ងាយគម្លាតពីគ្នាប្រមាណ ៥ គីឡូម៉ែត្រប៉ុណ្ណោះ។
នៅក្នុងតំបន់ជួបជុំនៃចម្ការ Confirel Discovery Kep, លោកឱសថបណ្ឌិត ហៃ លីអ៊ាងបានចំណាយពេលជាងមួយម៉ោងដើម្បីពន្យល់ពីការរៀបចំគម្រោងអភិវឌ្ឍន៍នៅទីនេះ ដោយភ្ជាប់ទៅប្រវត្តិសាស្រ្ត ការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងទស្សនទាននៃគម្រោងអភិវឌ្ឍន៍សេដ្ឋវិលជុំនៅក្នុងតំបន់នេះ។
លោកបានចែកតំបន់នេះជាបីតំបន់ធំៗ គឺទី១ តំបន់ប្រវត្តិសាស្រ្ត អនុស្សាវរីយ៍ អភិរក្ស និងអភិឌ្ឍ។ តំបន់ទី២ ជាតំបន់កណ្តាល ជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរចំណេះដឹង និងសម្រាកកាយ រីឯតំបន់ទី៣ ជាតំបន់ធម្មជាតិ លំនៅដ្ឋាន និងកោះបក្សី។ លោកឱសថបណ្ឌិត ហៃ លីអ៊ាង បានរៀបរាប់ពីប្រវត្តិនៃការទំលាក់គ្រាប់បែក B52 របស់សហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ និងការចងចាំនៃការសម្លាប់ចំណាប់ខ្មាំងយុវជនបរទេសបីរូបរបស់ពួកខ្មែរក្រហមក្នុងតំបន់ភ្នំវល្លិ៍នេះកាលពីឆ្នាំ១៩៩៤ (…).
លោកឱសថបណ្ឌិត ហៃ លីអ៊ាងបញ្ចាក់ថា៖ «ការអភិវឌ្ឍន៍តំបន់នេះ ចេញពីវិនាសកម្មនៃសង្គ្រាមបានប្រើពេលយូរណាស់។ កាលពីមុនទីនេះគ្មានអ្វីនោះទេ តែចាប់តាំងពីឆ្នាំ ២០១២ មកយើងបានប្រែក្លាយបន្តិចម្តងៗ ឱ្យទៅជារមណីដ្ឋានធម្មជាតិមួយស្រស់បំព្រង មានទឹក មានត្រី និងសត្វច្រើនប្រភេទ ពិសេសសត្វដែលជិតផុតពូជ មានដូចជាត្រីព្រលូង អណ្តើកជាដើម។ ការកែច្នៃឌិត ការអភិរក្ស និងការអភិវឌ្ឍន៍ទាំងនេះហើយដែលធ្វើឱ្យយើងរស់នៅក្នុងសន្តិភាពបានយូរអង្វែង ហើយបើគ្មានគំនិតអភិវឌ្ឍតាមលក្ខណៈសេដ្ឋកិច្ចវិលជុំនោះទេ អ្នកដទៃក៏មិនមកសហការជាមួយយើងដែរ»។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានមានប្រសាសន៍ថា ការចែករំលែកចំណេះដឹកពីវិស័យឯកជនពិសេសលោកឱសថបណ្ឌិតហៃ លីអ៊ាង ពិតជាបានផ្តល់នូវចំណេះបន្ថែមដ៏សំខាន់ដែលនិស្សិតទាំងអស់ត្រូវស្វែងយល់ និងតម្រង់ទិសដៅនៃការសិក្សារបស់ខ្លួន ជាពិសេសនិស្សិតផ្នែកគីមីអាហារត្រូវប្រាកដថា ខ្លួននឹងត្រូវអភិវឌ្ឍខ្លួនបែបណានៅពេលរៀនចប់។
បន្ទាប់មកក្រុមនិស្សិត និងសាស្រ្តាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( ITC ) នៃមណ្ឌលតេជោហ៊ុនសែនចំការដូងខេត្តកែប ត្រូវបានអនុញ្ញាតឱ្យទស្សនា ស្វែងយល់ពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ ប្រកបដោយនិរន្តភាពនៅក្នុងចម្ការ Confirel Discovery Kep ដោយផ្តើមចេញពីចម្ការម្រេចសរីរាង្គ និងទីតាំងបន្តបន្ទាប់ដែលបានកំណត់ក្នុងតំបន់ទាំងបីនៃចម្ការ Confirel Discovery Kep នេះ។
សូមបញ្ជាក់ថា ក្រុមនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( ITC ) នៃមណ្ឌលតេជោហ៊ុនសែនចំការដូងខេត្តកែប ទាំង២៨ រូប គឺមាន ១៨ នាក់បានសិក្សាបរិញ្ញាបត្ររង និងវិស្វករផ្នែកគីមីអាហារ និង១០ នាក់ផ្សេងទៀតសិក្សាផ្នែវិស្វករអគ្គិសនី។ ពួកគេមកពីខេត្តចំនួនបួន មានខេត្តកែប កំពត តាកែវ និងកំពង់ស្ពឺ៕